៥យ៉ាងចម្បងនាំឱ្យរដូវមកយឺត និងមិនទៀងទាត់ដែលស្រីៗគួរតែយកចិត្តទុកដាក់
មានមនុស្សស្រីមិនតិចទេ ដែលជួបបញ្ហាមករដូវយឺត តែមិនដឹងមូលហេតុនិងមិនសូវខ្វាយខ្វល់។ ការមករដូវយឺតទោះមិនប៉ះពាល់ដល់សុខភាពខ្លាំង តែក៏ជាសញ្ញាបញ្ជាក់ពីកង្វះការយកចិត្តទុកដាក់លើទម្លាប់រស់នៅប្រចាំថ្ងៃដែលជាហេតុធ្វើឲ្យរដូវមកយឺតនិងមិនទៀងទាត់។ ការមករដូវយឺតនិងមិនទៀងទាត់បណ្ដាលមកពីកត្តា ៥ យ៉ាងនេះ៖
១. មិនសប្បាយចិត្ត ឬតានតឹងខ្លាំងក្នុងអារម្មណ៍
ពេលអ្នកមិនសប្បាយចិត្ត ឬមិនពេញចិត្តក្នុងរឿងអ្វីមួយ ដូចជាការងារ ឬគ្រួសារ ទំនាក់ទំនង វានឹងជះឥទ្ធិពលលើវដ្ដរដូវរបស់អ្នក ធ្វើឲ្យមកមិនទៀងទាត់។ ទាំងនេះធ្វើឲ្យអ្នកតានតឹងខ្លាំងក្នុងអារម្មណ៍ដែលកើតជាស្រ្តេស នាំឲ្យអ័រម៉ូនប្រែប្រួលមករដូវយឺត។ ដូចនេះគួរតែរកវិធិបំបាត់ភាពតានតឹងនេះដូចជាលេងកីឡា និងដើរលំហែជាដើម។
២. ការតមអាហារខ្លាំងពេក
ស្រីៗយើង ពេលចង់ស្រកគីឡូលឿន សុខចិត្តបង្អត់ខ្លួនឯង ហើយតមអាហារដើម្បីស្រកទម្ងន់យ៉ាងគំហុក។ នេះក៏ជាមូលហេតុដែលធ្វើឲ្យរដូវមកមិនយឺតដែរ ព្រោះពេលតមអាហារនិងស្រកទម្ងន់បែបនេះធ្វើឲ្យរាងកាយបាត់បង់ជីវជាតិនិងខ្លាញ់ធ្វើឲ្យប្រព័ន្ធបន្តពូជដំណើរការមិនបានល្អ។
៣. ផ្លាស់ប្ដូរទម្លាប់ពេលវេលា
សម្រាប់អ្នកធ្វើការដែលតម្រូវឲ្យឧស្សាហ៍ផ្លាស់ប្ដូរម៉ោងពេល ដូចជាពេលធ្លាប់សម្រាកបែរជាត្រូវធ្វើការ ខុសនិងពេលសព្វមួយដងក៏ធ្វើឲ្យរដូវមកយឺតដែរ។
៤. បំបៅដោះកូន
សម្រាប់អ្នកម្ដាយដែលសម្រាលកូនដោយធម្មជាតិ ហើយកំពុងបំបៅកូនដោយទឹកដោះ អាចមករដូវយឺត រហូតដល់ ២អាទិត្យឬក៏មួយខែ។ នេះជារឿងធម្មជាតិ ហើយមិនប៉ះពាល់ដល់សុខភាពឡើយ តែកំឡុងពេលនេះ អ្នកម្ដាយគួរបរិភោគអាហារដែលមានវីតាមីន និងប្រូតេអ៊ីនគ្រប់គ្រាន់ដើម្បីឆាប់មករដូវដូចដើមវិញ។
៥. អតុល្យភាពនៃអរម៉ូន
កត្តាអតុល្យភាពនៃអ័រម៉ូនគឺជាហេតុផលដែលតែងតែកើតមានជាងគេ ដែលធ្វើឲ្យមករដូវមិនទៀងឬមករដូវយឺត។ មានហេតុផលច្រើនណាស់ដែលបណ្ដាលឲ្យមានអតុល្យភាពអរម៉ូន ដែលយកល្អអ្នកគួរតែពិគ្រោះជាមួយគ្រូពេទ្យជំនាញ៕
No comments: